ភ្នំពេញ ៖ យោងតាមគេហទំព័ររបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ពានរង្វាន់ ទីតាំងបុរាណវិទ្យាដែលមានអ្នកស្រឡាញ់ ច្រើនបំផុត(ArchaeoMadness)ត្រូវ បានបង្កើតឡើងដើម្បីអបអរសាទរទិវា បុរាណវិទ្យាអន្ដរជាតិ (International Archaeology Day) ធ្លាប់បានប្រារឰធ្វើ ឡើងរៀងរាល់សបា្ដហ៍ទី៣ ខែតុលា រាល់ ឆ្នាំនោះ ឥឡូវនេះប្រាសាទអង្គរវត្ដព្រះ រាជាណាចក្រកម្ពុជាបានក្លាយជាម្ចាស់ ជ័យលាភីពានរង្វាន់ទីតាំងបុរាណវិទ្យា ដែលមានអ្នកស្រឡាញ់ច្រើនបំផុត សម្រាប់ឆ្នាំ២០១៤ ។
ក្រសួងទេសចរណ៍បានបញ្ជាក់ថាយ៉ាង តិចមានទីតាំងបុរាណវិទ្យាចំនួន៣២នៅ ជុំវិញពិភពលោកចូលរួមប្រកួតប្រជែង ដើម្បីទទួលពានរង្វាន់ជ័យលាភី ។ ក្នុង នោះត្រូវបានរៀបចំឡើងដោយវិទ្យា ស្ថានបុរាណវិទ្យាអាមេរិក (Archaeo- logical Institute of American) ហើយ ជាមោទនភាពដ៏ត្រចះត្រចង់បំផុត សម្រាប់ព្រះរាជាណាចក្រកម្ពុជានៅលើពិភពលោក បន្ទាប់ពីទីតាំងបុរាណវិទ្យា ប្រាសាទអង្គរវត្ដបានក្លាយទៅជាប្រជា ប្រិយភាពមានអ្នកស្រឡាញ់ច្រើនបំផុតឈានដល់ទម្លាក់ចំណាត់ថ្នាក់ប្រាសាទ បុរាណCaracolរបស់ប្រទេសបេលីស ដែលជាដៃគូប្រកួតប្រណាំងប្រជែងចុង ក្រោយសម្រាប់ការបោះឆ្នោតលើប្រព័ន្ធ អនឡាញនោះ ។
ការប្រកួតប្រជែងទីតាំងបុរាណវិទ្យា បានចាប់ផ្ដើមធ្វើពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ ក្នុងនោះប្រាសាទអង្គរវត្ដ ដែលជានិមិត្ដរូបសិល្បៈ និងស្ថាបត្យកម្ម ដ៏មហាអស្ចារ្យបានយកឈ្នះទីក្រុងបុរាណរបស់សហរដ្ឋអាមេរិកឈ្មោះថា Chaco Canyon គ្រាជុំដំបូង និងយកឈ្នះប្រទេស ប៉េរូនៃទីក្រុងបុរាណ Machu Picchu ហើយនៅជុំទី៣ និងជុំទី៤បានយកឈ្នះ ទីក្រុងបុរាណរបស់សហរដ្ឋអាមេរិក និង ទីក្រុងបុរាណរបស់ប្រទេសប៉េលីស ទើប ក្លាយជាម្ចាស់ជ័យលាភីពានរង្វាន់ ដែល មានអ្នកស្រឡាញ់ច្រើនបំផុតឆ្នាំ២០១៤គឺប្រាសាទអង្គរវត្ដព្រះរាជាណាចក្រ កម្ពុជា ។
ជាមោទនភាពដ៏ធំធេងសម្រាប់ជ័យ លាភីខាងលើនេះ គឺបង្ហាញឱ្យឃើញពី កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាទៅលើ ការអភិរក្សតំបន់បុរាណដែលជាប្រវត្ដិសាស្ដ្រនេះឱ្យមានឋិតថេរគង់វង្ស និង ទទួលបានការស្រឡាញ់ពេញចិត្ដពីជន រួមជាតិក៏ដូចជាប្រជាជាតិ ជុំវិញពិភពលោក ៕