
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានអះអាងថា លោកត្រូវបានគេគំរាមសំលាប់ជាច្រើនលើកច្រើនសាររួចមកហើយ នៅក្នុងពេលចុះបំពេញការងារ តែការគំរាមសំលាប់នេះមិនមែនធ្វើដោយគ្រាប់កាំភ្លើងទេ គឺជាការគំរាមតាមរូបភាពបង្កគ្រោះថ្នាក់ចរាចរណ៍ ឬទំលាក់គ្រឿងញៀន ហើយចាប់ខ្លួនតែម្តង។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អះអាងបែបនេះកាលពីថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈពេលលោកចូលរួមនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការបញ្ចប់និទ្ទណ្ឌភាពនៅកម្ពុជា» ក្នុងសកលវិទ្យាល័យខេមរៈ។ លោកថ្លែងថា លោកត្រូវបានជនមិនស្គាល់មុខគំរាមសម្លាប់ ដោយសារលោកបង្ក្រាបអ្នកប្រព្រឹត្តិអំពើពុករលួយផ្ទួនៗគ្នាពេក ហើយការគំរាមសម្លាប់នេះ គឺគេមិនសម្លាប់ដោយអាវុធទេ គឺគេសម្លាប់ក្នុងរូបភាពគ្រោះថ្នាក់ចរាចរណ៍ និងបោះគ្រឿងញៀនចូលរថយន្ត។
លោក ឱម យ៉ិនទៀង បញ្ជាក់យ៉ាងនេះថា «ការចុះបំពេញការងារមិនមែនស្រួលទេ… គេរកសំលាប់ចំនួន២ដងហើយ។ គេឲ្យដាក់ស្លាកលេខរាជការ ដាក់លេខឯកជនម៉េចបាន ហើយគេសួរថា គេរកសំលាប់ឯកឧត្តមម៉េចមិនដាក់អង្គរក្ស ខ្ញុំបានប្រាប់វិញថា បើយើងដឹងរបៀបគេរកសំលាប់ទៅហើយ យើងទប់ទល់របៀបគេសំលាប់ហ្នឹងបានហើយ។ គេមិនរកសំលាប់ខ្ញុំដោយបាញ់គ្រាប់កាំភ្លើងទេ បើរកសំលាប់ដោយកាំភ្លើងទើបដាក់អង្គរក្ស ប៉ុន្តែផែនការរបស់គេនៅពេលយើងខ្ញុំជិះទៅខេត្ត គេមានឡានធំៗបុកកំទេចចោល គឺចង់សំលាប់ដោយគ្រោះថ្នាក់ចរាចរ។ ហើយមិនមែនសម្រាប់ព័ត៌មានខ្ញុំទេ ព័ត៌មានប៉ែកខាងលិចក៏គេដឹងដែរ ថាមានគេប៉ងចង់សំលាប់ខ្ញុំ ប៉ុន្តែគេសង្ស័យថាម៉ាក្រុមនោះ តែមិនដឹងអ្នកណាទេ។ ៣ខែក្រោយមកថារកឃើញហើយ តែរកឃើញថា ចង់ប្តឹងគេក៏មិនបានដែរ ព្រោះគេអត់មានទោស»។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បញ្ជាក់ទៀតថា «ថ្មីៗនេះកាលពី១ខែមុនមានលេខថ្មីទៀតហើយ ថាឱម យ៉ីនទៀងបើកឡានម្នាក់ឯងអត់អង្គរក្សម្នាក់ឯងស្រួល បោះគ្រឿងញៀនតែ១កញ្ចប់វាយខ្នោះយកតែម្តង ដោយគេខឹងថា ខ្ញុំចាប់អីផ្ទួនៗបែបនេះ តែមានច្បាប់ណានិយាយថា ផ្ទួនឬមិនផ្ទួន ច្បាប់និយាយថា ឲ្យតែមានភស្តុតាង គឺធ្វើហើយៗគេចង់ធ្វើទាំងខ្ញុំ និងមន្ត្រីខ្ញុំទៀត»។
ទោះជាយ៉ាងណាលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនោះមិនបានបញ្ជាក់ថា បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ឬក៏អត់នោះទេ ហើយក៏មិនបានបង្ហាញអត្តសញ្ញាណអ្នកគំរាមនោះ ថាមកពីស្ថាប័នណា ឬអង្គភាពណានោះទេ ប៉ុន្តែបើផ្អែកលើការលើកឡើងរបស់លោកឱម យ៉ិនទៀង អ្នកគំរាមថ្មីៗនេះ អាចចេញពីស្ថាប័នមានសមត្ថកិច្ចច្រើនជាង ដោយសារគេចង់ប្រើរូបភាពទំលាក់គ្រឿងញៀនដើម្បីចាប់ខ្លួន៕