ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មបែកក្បាលធ្លាយខួរដោយសារការធ្លាក់ដែកពីអគារសំណង់ដ៏ខ្ពស់របស់ក្រុមហ៊ុនCSCCដែលកំពុងសាងសង់នៅជុំវិញបរិវេណស្តាតអូឡាំពិកដែលមានកម្ពស់ជាង១០ជាន់នោះ ។
ហេតុការណ៍ធ្លាក់ដែកពីលើសំណង់អគារក្រុមហ៊ុនCSCCបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្លូវលេខ១៦១កែងផ្លូវលេខ១៨២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ប្តីប្រពន្ធនិងកូន ប្តីជាអ្នកបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែធ្លាក់ដែកដ៏ធំវែងទំហំប៉ុនកដៃពីលើអគារសំណង់ក្រុមហ៊ុនCSCCចំក្បាលប្រពន្ធដែលជិះពីក្រោយ ត្រូវត្រង់ក្បាលបណ្តាលឲ្យបែកធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូជនរងគ្រោះជិះម៉ាកអាយខន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CN-0252 ។ ដោយឡែកសពស្ត្រីរងគ្រោះឈ្មោះ ប៊ុត រ៉ានី អាយុ៤០ឆ្នាំ មានទីលំនៅម្តុំវត្តនិរោធ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានយកទៅតម្កល់នៅមន្ទីរពេទ្យ ។
គួរបញ្ជាក់ផងដែរថា សំណង់អគារដ៏ខ្ពស់ដែលកំពុងសាងសង់នៅជុំវិញស្តាតអូឡាំពិកក្នុងកម្ពស់ដ៏ច្រើនជាន់ ។ ក្រុមហ៊ុនម៉ៅការសាងសង់ក៏ដូចជាក្រុមហ៊ុនម្ចាស់សំណង់មិនបានអនុវត្តតាមច្បាប់សាងសង់ដូចជាពុំបានហ៊ុមព័ទ្ធការដ្ឋានឲ្យត្រឹមត្រូវតាមបច្ចេកទេសអាចធ្វើឲ្យកម្មករ អ្នកបច្ចេកទេស វិស្វករងាយនឹងរងគ្រោះ ពិសេសទីតាំងសំណង់អគារនេះផងដែរគឺស្ថិតនៅជាប់នឹងផ្លូវសាធារណៈដែលប្រជាពលរដ្ឋដ៏ច្រើនធ្វើដំណើរឆ្លងកាត់។ ដូច្នេះការធ្វេសប្រហែស ខ្វះការទទួលខុសត្រូវមិនបានអនុវត្តទៅតាមការហ៊ុមព័ទ្ធការដ្ឋានតាមបច្ចេកទេសបែបនេះគួរតែអាជ្ញាធរជំនាញពាក់ព័ន្ធមានវិធានការទៅលើក្រុមហ៊ុនជាម្ចាស់សំណង់ឬក្រុមហ៊ុនម៉ៅការសំណង់CSCCនេះជាដើម ។
សមត្ថកិច្ចបានឲ្យដឹងថា មេការម្នាក់មើលការខុសត្រូវនៅសំណង់អគារក្រុមហ៊ុនCSCCត្រូវបានសមត្ថកិច្ចដាក់កម្លាំងដើម្បីឃាត់ខ្លួន ប៉ុន្តែនៅរសៀលនេះផងដែរគេពុំបានចុះមកពីសំណង់អគារដ៏ខ្ពស់នេះនោះទេ ដោយមានចេតនាគេចវេះ ប៉ុន្តែសមត្ថកិច្ចត្រូវតែនាំខ្លួនមេការខាងលើនេះធ្វើការសាកសួរនិងឲ្យខាងក្រុមហ៊ុនទទួលខុសត្រូវពីការស្លាប់របស់ក្រុមគ្រួសារជនរងគ្រោះ ។
សពស្រ្តីរងគ្រោះត្រូវបានតម្កល់ទុកនៅវត្តព្រះពុទ្ធរង់ចាំសាច់ញាតិបូជាតាមប្រពៃណី ។
រហូតមកដល់វេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែលនេះសមត្ថកិច្ចនគរបាលខណ្ឌ៧មករាបានឃាត់ខ្លួនមនុស្ស៦នាក់ ក្នុងនោះមានមេការម្នាក់ឈ្មោះ កែវ ចាន់ ភេទប្រុស អាយុជាង៤០ឆ្នាំ ជាមេការសំណង់ក្រុមហ៊ុនខាងលើ និងមេការជាជនជាតិចិនផងដែរមកអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសួរនាំ ៕