Monday, November 3, 2014

ក្រុម​ឈ្មួញ​ឆ្លៀត ឱកាស​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក​ទៅ​ធ្វើ​ជំនួញ ឈើ​ខុសច្បាប់​យ៉ាង​អានាធិបតេយ្យ នៅ​ស្រុក​សំបូរ

T-11-03-14-s-full
ក្រចេះ ៖ ក្នុង​រយៈពេល​មួយ​សប្ដាហ៍ មុន​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ដែល​​នៅ​តាមបណ្តា​ខេត្ត មួយចំនួន​បាន​រៀបចំ​ដឹក​នាំទូក​ទៅ​ប្រណាំង នៅ​រាជធានី​ភ្នំពេញ​នោះ ក្រុម​ឈ្មួញ​ជាច្រើន​នៅ​ខេត្តក្រចេះ បាន​ឆ្លៀត​យកឱកាស​នេះ​ទៅ​ធ្វើ​អាជីវកម្ម​ដឹកឈើ​ខុសច្បាប់​យ៉ាងគគ្រឹក​គ្រេង តាម​ដង​ទន្លេ​មេគង្គ លើ​ស្ថិត​ក្នុងស្រុក​សំបូរ។
ជាក់ស្តែង​កាលពី​ថ្ងៃទី​០២ ខែ​វិច្ឆិកា​នេះ ក្រុម​ឈ្មួញ​បាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើអារ ដោយ​លួច​បង្កប់ ឈើប្រណិត​ដែល​ជាប្រភេទ​ឈើ​ធ្នង់ខុសច្បាប់ យក​លេស​ថា ជា​ទូក អូស​ទូក​ង​ទៅប្រណាំង​នៅ​ឯ​ទីក្រុង​ភ្នំពេញ ហើយ​ឈើ​ទាំងនេះ​ត្រូវ​បាន​គេ​ដឹង​ថា ​មាន​ក្រុម​ឈ្មួញ​ជាច្រើន​ដែល​ត្រូវ​បាន​គេ​ដឹង​ថា សុទ្ធ​សឹង​ជាម​ន្ត្រី​អ្នក​មានមុខ​មាត់ធំ នៅ​ស្រុក​សំបូរ ក្នុង​នោះ​មាន​ទាំង​គ្រូបង្រៀន​ម្នាក់​ឈ្មោះ គ្រូ ព្រលឹង ជា​អ្នក​រាប់​រង​ចេញមុខ​ក្នុងចំណោម បក្សពួកគេបាន​ប្រើប្រាស់​ទូក​ធំ​ដោយមាន​ផ្ទុក​ឈើ​អា​លេខ​១ ពេញ​ប្រៀប។ ដោយ​សារ ការ​ផ្ទុក​ខ្លាំង​លើស​ចំណុះ​ក៏​ទៅ​បុក​ជាមួយ នឹង​គោល​ថ្ម កណ្តាល​ទន្លេ ជាប់​ទៅមុខ​លែង​រួច ពេញ​មួយថ្ងៃ ពុំ​មាន​ការ​រំខាន​ដល់​ភ្នែក សមត្ថកិច្ច​ជំនាញ​ឬ​មន្ត្រី​ពាក់ព័ន្ធ ឡើយ ក្នុង​នោះ​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ សង្កាត់​រដ្ឋបាល ព្រៃ​វឌ្ឍនៈ នៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ព្រែក​ប្រសព្វ បាន​ចុះទៅ​ពិនិត្យមើល​ដែរ តែ​គ្មាន​វិធានការ​បន្តិច​សោះឡើយ ដោយ​បណ្ដោយ​អោយ​ឈ្មួញ​ឈើ​ដឹក​ដោយ​រលូន។
ប្រភព​ពី​មន្ត្រី​ម្នាក់​បាន​លួច​ខ្សឹប​ប្រាប់អ្នករាយការណ៍​ថា ទូក​ដឹកឈើ​ខុសច្បាប់​ខាងលើ ត្រូវ​បាន​គេ​ដឹង​ថា ក្រុម​ឈ្មួញ​បាន​ប្រមូល​ទិញ​ឈើប្រណិត​និង​ឈើ​អារ ស្តុក​ទុកជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​ដឹក​តាម​ទូក ត្រៀម​ទុក​នៅក្នុង​ទឹកដី ស្រុក​សំបូរ និង​ស្រុក​ព្រែក​ប្រសព្វ បម្រុង​ដឹក​ចេញ​ទៅ​ទីក្រុង​ភ្នំពេញ​ជាមួយ​ទូក​.ង​តែ​សំណាងអាក្រក់​បាន​បុក​និង​គោល​ថ្ម​ចាប់ពី​ម៉ោង​៧​ព្រឹក​រហូត​ពេញ​១​ថ្ងៃ។
មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់ ឈ្មោះ លោក ថ្លាង ឡុង នាយរង​សង្កាត់​រដ្ឋបាល​ព្រៃ ឈើ​វឌ្ឍនៈ បាន​ចុះទៅ​មើល​ទូក​ដឹកឈើ​ខុសច្បាប់​នោះ គ្រាន់តែ​អើត​ហើយ​ត្រឡប់មកវិញ ដោយ​បណ្តោយ​ឲ្យ​ក្រុម ឈ្មួញ​យក​កាណូត​តូច​ជាច្រើន​គ្រឿង​ទៅ​ជញ្ជូន​ជម្លៀស​ចេញ​យ៉ាង​គឃ្លើន។
ប្រជាពលរដ្ឋ ស្រុក​សំបូរ​បាន​ធ្វើ​ការរិះគន់ ទៅលើ​ជំនាញ​រដ្ឋបាល​ព្រៃឈើ វឌ្ឍនៈ​និង ផ្នែក​ព្រែក ប្រសព្វ ថា​ជា​អ្នក​បើកដៃ និង​សម្របសម្រួល​អោយ ក្រុម​ឈ្មួញ ទើប​ពួកគេ​មិន​ហ៊ាន ចេញមុខ​ទៅ​បង្ក្រាប ជំនួញ​ឈើ​ខុសច្បាប់នេះ។
គួរ​បញ្ជាក់​ថា ទូក​ដឹកឈើ​ទាំងនេះ កាលពី​ថ្ងៃ ៣០ ខែតុលា ទូក​មួយ​គ្រឿង​បាន​ជាប់​ខ្សាច់​កណ្តាល​ទន្លេ​ទៅមុខ​មិន​រួច​ព្រោះតែ​ផ្ទុក​ឈើ​លើស​ចំណុះ ហើយ​មន្ត្រី​ជំនាញ បាន​ធ្វើ​កំណត់ហេតុ​ឲ្យរើ​ចុះ​វិញ និង​ដោះលែង​ឲ្យ​រួច​ម្តង​មក​ហើយ ដោយឡែក​ថ្ងៃនេះ​ទូក​របស់​ឈ្មួញ​ឈ្មោះ គ្រូ​ព្រលឹង ដដែល មិន​ត្រឹមតែ​មិន​អនុវត្ត​តាម​កំណត់ហេតុ​ទេ ថែមទាំង​បាន​ទៅ​ដាក់​ឈើ​បន្ថែម​ពេញ​ប្រៀប​​ទៅវិញ។
ដោយឡែក​ស្រុក​សំបូរ​គឺជា​ស្រុក​មួយ​ដែល​មាន​បទល្មើស​ព្រៃឈើ​កើត​ឡើងជា​អចិន្ត្រៃយ៍ ដែល​មាន​ទូក តូច​ធំ​ដឹកជញ្ជូន​មក​ស្តុក​ដើម្បី​លើក​ដឹក​តាម​រថយន្ត ទៅ​លក់​បន្តទៀតផង​៕